Stress!! What's stress?. These are how to REDUCE THE STRESS.
Stress គឺជាភាពតានតឹងដែលកើតចេញពីអារម្មណ៍របស់យើងម្នាក់ៗក្នុងការប្រឈមមុខទៅបញ្ហាដែលពិបាកក្នុងការដោះស្រាយ។ មនុស្សម្នាក់ៗតែងតែមានបញ្ហារៀងៗខ្លួនធ្វើអោយពួកគេមានភាពតានតឹង ធុញថប់នៅក្នុងអារម្មណ៍ដែលជាហេតុធ្វើអោយពួកគេពិបាកក្នុងការផ្ដោតអារម្មណ៍ធ្វើកិច្ចការសំខាន់ផ្សេងៗ។ ខាងក្រោមនេះជាគន្លឹះងាយៗក្នុងការកាត់បន្ថយស្ត្រេស:
១. ការធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃអាចធ្វើឲ្យយើងកាត់បន្ថយស្ត្រេសពីព្រោះនៅអំឡុងពេលដែលយើងធ្វើចលនារាងកាយរបស់យើងនឹងបង្កើតអរម៉ូន អង់ដូរហ្វីន(Endorphins) ដែលប្រឆាំងទៅនិងជំងឺបាក់ទឹកចិត្ត។ ការធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃមិនត្រឹមតែជួយឲ្យយើងកាត់បន្ថយស្ត្រេសនិងជំងឺបាក់ទឹកចិត្តប៉ុណ្ណោះទេ វាជួយឲ្យសុខភាព និងស្មារតីរបស់យើងរឹងមាំមិនងាយឆ្លងជំងឺផ្សេងៗថែមទៀតផង។
២. ការបរិភោគអាហារ
ការបរិភោគអាហារដែលមានសារធាតុចិញ្ចឹមធ្វើអោយរាងកាយយើងទទួលបានសារធាតុចាំបាច់និងវីតាមីនគ្រប់គ្រាន់ដែលអាចឲ្យជួយអោយសុខភាពរបស់យើងល្អមិនងាយឆ្លងជំងឺ ប៉ុន្តែយើងក៏ត្រូវតែពិសាទឹកឲ្យបានចាប់ពី១.៥លីត្រឡើងទៅក្នុងមួយថ្ងៃដើម្បីបំពេញជាតិទឹកក្នុងរាងកាយរបស់យើងអោយបានគ្រប់គ្រាន់។ នៅពេលដែលយើងមានសុខភាពល្អវាក៏ជួយឲ្យសុខភាពផ្លូវចិត្តនិងភាពតានតឹងដែលបង្កឡើងពីស្ត្រេសត្រូវបានកាត់បន្ថយ។
៣. ការអានសៀវភៅ
ការអានសៀវភៅជួយអោយយើងកាត់បន្ថយស្ត្រេសបានច្រើន ពីព្រោះសៀវភៅនីមួយៗមានភាពទាក់ទាញចំណាប់អារម្មណ៍របស់យើងទៅនិងភាពកំផ្លុកកំប្លែង មនោសញ្ចេតនា និងការ
អប់រំដែលមានក្នុងសៀវភៅធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយបំភ្លេចរាល់ទុក្ខកង្វល់ ភាពធុញថប់ទាំងឡាយ។ បន្ថែមលើនេះវាបានផ្ដល់ចំណេះដឹងជាច្រើនដល់យើងបន្ទាប់ពីការអានសៀវភៅ។
៤. ការបង្កើតអ្វីដែលថ្មី
យើងត្រូវតែហ៊ានសាកល្បងធ្វើដែលថ្មី បង្កើតគំនិតច្នៃប្រឌិត ពីព្រោះវាអាចផ្លាស់ប្ដូរអារម្មណ៍របស់យើងឲ្យទទួលបាននូវទិដ្ឋភាពថ្មីដូចជា ការចម្អិនមុខម្ហូបថ្មី ការបង្កើតសម្ភារ:ថ្មីៗ និងសកម្មភាពជាគំនិតច្នៃប្រឌិតជាច្រើនទៀត។
៥. ការគេងឲ្យបានគ្រប់គ្រាន់
ការគេងឲ្យបានគ្រប់គ្រាន់ពិតជាសំខាន់សម្រាប់សុខភាពរបស់យើង ពីព្រោះនៅពេលដែលយើងគេងបានគ្រប់គ្រាន់វាធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ មិនឈឺក្បាល មិនមានអារម្មណ៍មិនល្អ ហើយនៅពេលដែលយើងមានអារម្មណ៍ស្រស់ស្រាយយើងគិតអ្វីឆាប់ចេញ អាចផ្ដោតអារម្មណ៍និងជួយឲ្យខួរក្បាលមានសុខភាពល្អ លុបបំបាត់ភាពតានតឹងដែលជាដើមហេតុនៃស្ត្រេស។
ទាំងអស់នេះគឺជាគន្លឹះងាយៗនិងសាមញ្ញប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយភាពតានតឹង ធុញថប់ និងជួយឲ្យយើងមានសុខភាពល្អ មានការផ្ដោតអារម្មណ៍ខ្ពស់ទៅលើការងារ ព្រមទាំងទទួលបានចំណេះដឹងនិងបទពិសោធន៍ថ្មីៗបន្ថែមទៀតនៅពេលដែលយើងអនុវត្តនូវគន្លឹះទាំងអស់នេះ។
Comments
Post a Comment